វត្តមានរបស់ផ្សារទំនើប AEON MALL3 កំពុងធ្វើឱ្យមានភាពរង្គោះរង្គើជាខ្លាំង ខណៈពេលនេះផ្ទាំងរូបរាងផ្សារទំនើបនេះ ត្រូវបានបិទហុំព័ន្ធជុំវិញទីតាំងច្បាស់ការ ដែលកំពុងចាក់ដីសាងសង់ជាបណ្ដើរៗ នៅលើមហាវិថីសម្ដេចហ៊ុន សែន ដែលគ្រប់គ្នាស្គាល់ថាជាផ្លូវ៦០ម៉ែត្រ។
គម្រោងសាងសង់មជ្ឈមណ្ឌលលក់ទំនិញ AEON3 នេះ មានកំពស់ ៥ជាន់ និងមានកន្លែងចតរថយន្ត ជាពិសេសទីតាំងនេះមានទំហំ ១៧០,០០០ម៉ែត្រការ៉េ ដែលជាផ្សារធំជាងគេបង្អស់ក្នុងចំណោមផ្សារទំនើបអ៊ីអនទាំង៣ នៅកម្ពុជា។
ផ្សារទំនើបយក្សរបស់ជប៉ុននេះ នឹងត្រូវបានធ្វើឡើងនៅលើផ្ទៃដីទំហំជាង១៧ហិកតា ខណៈដែលផ្ទៃក្រឡាផ្សារទំនើប AEON 1 មាន ៦៨០០០ ម៉ែត្រការ៉េ និងផ្សារទំនើប AEON 2 មាន១០០០០០ ម៉ែត្រការ៉េ ហើយគម្រោងទី៣នេះ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយគម្រោងទឹកប្រាក់ប្រមាណ៣០០លានដុល្លារ។
រយៈពេលនៃការសាងសង់ផ្សារទំនើបនេះគឺប្រហែល ២៧ខែ បន្ទាប់ពីចាប់ផ្តើមសាងសង់ ក្រុមហ៊ុន វិស្វកម្មហ៊ីយ៉ាន់ដាយបានទទួលសិទ្ធ ក្នុងការសាងសង់ផ្សារអ៊ីអនម៉លទី ៣ នៅកម្ពុជាដែលមានទឹកប្រាក់ ២០០ ពាន់លានវ៉ុន (ប្រហែល ១៦៤ លានដុល្លារ)។
គួរបញ្ជាក់ផងដែរថា គម្រោងផ្សារទំនើបយក្សនេះ បានហុចផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យអចលនទ្រព្យ នៅតំបន់នោះ ដែលតម្លៃដីតាមបណ្តោយមហាវិថីសម្ដេចហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) រហូតធ្លាយដល់ផ្លូវ៥០ម៉ែត្រ មានការប្រែប្រួល ក៏ដូចជាតំបន់ព្រៃស គឺពោរពេញដោយគម្រោងលំនៅឋានថ្មីៗ។
0 Comments